តើលោកអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាយើងត្រូវរៀនគណិតវិទ្យា? តើវាមានប្រយោជន៍អ្វីនៅក្នុងជីវិតប្រចាំថ្ងៃ? ថ្ងៃនេះ យើងនឹងមកឈ្វេងយល់ពីមេរៀនដែលជាមូលដ្ឋានគ្រឹះបំផុតនៅក្នុងគណិតវិទ្យា នោះគឺចំនួនគត់ធម្មជាតិ។សូមលោកអ្នកសាកគិតមើល ប្រសិនបើគ្មានលេខរាប់ 1, 2, 3...ទាំងនេះ តើលោកអ្នកអាចប្រាប់មិត្តភក្តិលោកអ្នកពីអាយុ និងចំនួនបងប្អូនរបស់លោកអ្នកបានដែរទេ? តើហាងកាហ្វេ និងផ្សារទំនើបអាចលក់ទំនិញរបស់គេបានដែរទេ? ឬតើកុំព្យូទ័រ និងទូរសព្ទឆ្លាតវៃដែលលោកអ្នកកំពុងប្រើរាល់ថ្ងៃនេះ អាចមានដំណើរការបានដែរទេ? ចម្លើយនោះគឺទេ! ព្រោះសកម្មភាពមនុស្សទាំងអស់ បច្ចេកវិទ្យាទាំងអស់ កូដទាំងអស់ គឺចាប់ផ្តើមចេញពីចំនួនគត់ធម្មជាតិដែលជាមូលដ្ឋានគ្រឹះនៃគណិតវិទ្យានេះ។

គ្មានទីកន្លែងណាដែលគ្មានចំនួនគត់ធម្មជាតិនោះឡើយ។ ឱ្យតែនៅទីណាដែលលោកអ្នករាប់វត្ថុម្តងមួយៗ គឺនៅទីនោះលោកអ្នកកំពុងតែប្រើប្រាស់ចំនួនគត់ធម្មជាតិនេះហើយ។ ពេលដែលលោកអ្នកទៅផ្សារទិញឥវ៉ាន់ លោកអ្នកត្រូវរាប់ចំនួនទំនិញ និងរាប់លុយដែលត្រូវបង់ឱ្យគេ។ ពេលលេងកីឡា លោកអ្នករាប់ពិន្ទុ ឬរាប់ចំនួនកីឡាករក្នុងក្រុម។ ពេលជួយម្តាយចម្អិនអាហារ លោកអ្នករាប់ចំនួនពងមាន់ ឬចានស្លាបព្រាសម្រាប់ចំនួនមនុស្ស។ ពេលដើរលេង នាឡិការាប់ជំហានរបស់លោកអ្នក កំពុងរាប់ជំហាន និងចង្វាក់បេះដូង។ ពេលរង់ចាំថ្ងៃឈប់សម្រាក ឬថ្ងៃខួបកំណើត លោកអ្នករាប់ថ្ងៃនៅក្នុងប្រតិទិន។ ហើយពេលឈរជួររង់ចាំទិញបាយ លោកអ្នករាប់មនុស្សនៅឈរពីមុខលោកអ្នក។

